Success Story of Mr. Chuon Chim

លោក ឈួន ជីម​ ជាយុវជនស្មគ្រ័ចិត្តក្នុងគម្រោង ការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍមូលដ្ឋាន រយៈពេលមួយឆ្នាំ មកហើយ។​ គាត់មានអាយុ ៣៧​ឆ្នាំ ជាកសិករ មានភរិយា និងកូន២ នាក់ក្នុងបន្ទុក​។​គាត់រស់នៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុក​ដំណាក់ចង្អើរ ខេត្តកែប។ គាត់សិក្សារៀន​សូត្រ​បានតិចតួច​ណាស់ប៉ុន្តែមានឆន្ទៈចូលរួមក្នុង​ការ​ងារ​​អភិវឌ្ឍ​របស់ភូមិ ឃុំទោះបីជួបការលំបាក​បែបណាក៏ដោយ។ គាត់បានពោលថា«​មុនពេល​ចូលរួមក្នុងវគ្គសិក្ខា​សា​លា ខ្ញុំ​មិនបានឱ្យតម្លៃ​ទៅ​លើការ​ចូលរួម​របស់​ប្រជា​ពល​​រដ្ឋក្នុងការអភិវឌ្ឍ​មូលដ្ឋានឡើយ ការងារអភិវឌ្ឍ​គឺឃុំ និងអាជ្ញា​ធរមូលដ្ឋាន​ជា​អ្នក​ទទួលខុសត្រូវ នេះជា​ទស្សនៈ​របស់ខ្ញុំ និងអ្នក​ភូមិខ្ញុំ។ វគ្គសិក្ខាសា​លា​នេះ​បាន​ធ្វើឱ្យខ្ញុំ ភ្ញាក់រឭក​ពីតួនាទី និងសិទ្ធិក្នុង​នាម​ជា​ពលរដ្ឋម្នាក់ដែលរស់​នៅក្នុងឃុំ​អំពេងនេះ ខ្ញុំកោត​សរសើរ​អ្នកគ្រូដែលជាអ្នកក្រៅតែ​មានទឹក​ចិត្តដាស់​តឿន ឱ្យប្រជាពលរដ្ឋ​យល់ពីការងារអភិវឌ្ឍមូលដ្ឋាន យល់ពីសិទ្ធ ពីតួនាទី និងមានស្មារតីធ្វើ​ជាពលរដ្ឋ​សកម្ម ជាពិសេសឱ្យខ្ញុំក្លាយជាមនុស្សមានមនសិកាសង្គម មានការតស៊ូព្យាយាមរៀនសូត្របន្ថែមទៀត ទោះបីខ្ញុំគិតថាខ្ញុំជាមនុស្សចាស់ មានប្រពន្ធកូនហើយក៏ដោយ»។

ចាប់ពីពេលនោះ​មកគាត់បានយកចំណេះដឹង ដែលរៀនសូត្របានពីវគ្គសិក្ខាសាលាផ្សព្វផ្សាយ​បន្ត​ក្នុងចំណោមប្រជាពលរដ្ឋពីសារសំខាន់នៃការ​ចូល​រួម​របស់ពួកគេ គាត់ព្យាយាមអានឯក​សារ​មេរៀន​ដើម្បី​មានជាគំនិតល្អៗពន្យល់អ្នកភូមិ។ គាត់បានជាមួយការ​ចូលរួម​ផ្តល់ជាមតិ យោបល់ និងតំរូវការ​ផ្សេងៗ​​តាមរយៈ​ប្រពន្ធ័ព័ត៌មានសង្គម និងជាពិសេសបានលើកជា​សំណើឡើងពេលប្រជុំភូមិ និងប្រជុំ​អាណត្តិក្រុមប្រឹក្សា ក្នុងសាលា​ឃុំ​ ដោយបានស្នើសុំចាក់គ្រួសក្រហមលើផ្លូវខ្នងប្រឡាយ១ខ្សែ​ប្រវែង​១៥០ម៉ែត្រ សម្រាប់ក្រុមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ប្រមាណជា ៣០ គ្រួសារនេះ។​ផ្លូវនេះពីមុនមានភក់ និង​គ្រលុក​ធំៗ​ពិបាក​ក្នុង​ការធ្វើដំណើរ ស្រ្តីមានផ្ទៃពោះ នៅតាមបណ្តោយផ្លូវនោះ​ក៏លំបាក​ធ្វើដំណើរ​ព្រោះខ្លាច​រអិល​ដួល  កូនក្មេងក៏លំបាកដើរទៅសាលារៀន ក្រោយការស្នើសុំ​របស់គាត់​រដ្ឋបាលឃុំក៏បាន ចាក់ដីក្រហម រៀបចំ​ជួសជុសផ្លូវ​មួយនោះហើយ»។

ក្រោយមកទៀត ស្ពាននៅបណ្តោយផ្លូវទំនប់រូងភ្ជាប់ភូមិអំពេង និងឃុំពងទឹក មានប្រវែង២ គីឡូម៉ែត្រ បានបាក់ដោយសារឡានដឹកដី និងឥវ៉ាន់ធ្ងន់ៗ «ខ្ញុំបានរាយការណ៍ និងស្នើសុំទៅភូមិ ហើយ​បានបន្តតាមរយៈប្រពន្ធ័តេឡេក្រាម ទៅរដ្ឋបាលស្រុកដំណាក់ចង្អើរ ក្នុងអំឡុងខែ មករា ។

គាត់បាននិយាយប្រាប់ក្រុមការងារគំរោងថា « ឆន្ទះ ស្មារតី ជាពលរដ្ឋសកម្ម មានភាពជាម្ចាស់ ក្នុងការអភិវឌ្ឍនេះ គឺបានកើតក្រោយពេលចូលរួមក្នុងវគ្គសិក្ខាសាលា និងកាន់តែកើនឡើងថែម ក្រោយ​​ស្រុក​បានចុះ​មកត្រួតពិនិត្យ ហើយជាបន្តបន្ទាប់បានស្នើអ្នកជំនាញមកវិភាគ និងបានរៀបចំធ្វើស្ពាន​សារជាថ្មី​ដែល​មានទទឹងប្រវែង ៦ម៉ែត្រ និងបណ្តោយប្រវែង ១០ម៉ែត្រ បានរួចរាល់ជាស្ថាពរ នៅ​អំឡុង​ខែ មិថុនា ឆ្នាំ ២០១៨ ។ ស្ពាននេះបានផ្តល់ផលប្រយោជន៍ដល់អ្នកភូមិអំពេងប្រមាណជា ១០០០ នាក់​ឆ្លងកាត់រួមជាមួយ អ្នកភូមិចំការបី ចំការចេក អន្ទង់ស នៃឃុំពងទឹក បានដឹកផល​ដំណាំ​ផ្សេងៗ​យក​ទៅ​លក់នៅ​ទល់ដែន​វៀតណាមបានលឿនទាន់ពេលវេលា»។

ពេលដែលការតស៊ូមតិរបស់គាត់ទទួលបានជោគជ័យជាបន្តបន្ទាប់។ គាត់សូមថ្លែងអំណរ​គុណដល់​គម្រោងដែលបានធ្វើឱ្យគាត់ក្លាយជាមនុស្សថ្មី មនុស្សដែលមានភាពជាពលរដ្ឋ និងសកម្ម​ក្នុងការងារ​ជួយជាប្រយោជន៍ដល់អ្នកភូមិរបស់គាត់។

Success Story of Mr. Chuon Chim

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top